KH   |   EN ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
× aeu logo
   

មហាវិទ្យាល័យសង្គមសាស្ត្រ និងសេដ្ឋកិច្ច

សេចក្តីផ្តើម

មហាវិទ្យាល័យ​សង្គមសាស្រ្ត និង​សេដ្ឋកិច្ច ជា​មហាវិទ្យាល័យ​មួយ​ដែល​ទទួល​បាន​ការ​ពេញនិយម​ពី​សំណាក់​អ្នក​សិក្សាក្នុង​ចំណោម​មហាវិទ្យាល័យ​ទាំង​ប្រាំ នៃ​សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មាន​តួនាទី​អប់រំ និង​បណ្តុះបណ្តាល​ធនធានមនុស្សលើជំនាញដូចជា ធនាគារនិងហិរញ្ញវត្ថុ  សេដ្ឋកិច្ច  អភិវឌ្ឍន៍សហគមន៍  ពាណិជ្ជកម្មអន្តរជាតិ ។

អនុវត្ដតាមក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា តំបន់ និងអន្តរជាតិ ជំនាញនីមួយៗត្រូវបានផ្សារភ្ជាប់ទៅនឹងបរិបទ ការងារសង្គម ឆ្លើយតបទៅនឹងទីផ្សារការងារ និងលទ្ធភាពបើកអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយជោគជ័យផងដែរ។ មហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច នៅតែបន្ដពង្រឹង និងអភិវឌ្ឍន៍កម្មវិធីអប់រំឱ្យកាន់តែមានគុណភាព​ និងប្រសិទ្ធភាពខ្ពស់ សម្រាប់ផ្តល់ឱ្យអ្នកសិក្សាមានភាពធន់ក្នុងការប្រកួតប្រជែងលើទីផ្សារការងារ ទាំងកម្រិតជាតិ និងអន្តរជាតិ។ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តឱ្យកាន់តែមានភាពច្បាស់លាស់ ជាបេសកកម្ម មហាវិទ្យាល័យបានតម្រង់ទិសទៅរកការអភិវឌ្ឍដល់ការអភិវឌ្ឍធនធានមនុស្សជាអាទិភាពប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងគោលដៅធ្វើឱ្យនិស្សិតគ្រប់រូបក្លាយទៅជាមូលធនមនុស្សប្រកបដោយភាពច្នៃប្រឌិត និងមានសមត្ថភាពខ្ពស់លើជំនាញរបស់ខ្លួនជាមួយនឹងចំណេះដឹង​ ចំណេះធ្វើពិតប្រាកដ ព្រមទាំងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ផងដែរ។

កម្មវិធីអប់រំរបស់មហាវិទ្យាល័យត្រូវបានរៀបចំឡើងស្របតាមលក្ខណៈវិទ្យាសាស្រ្ដ បច្ចេកទេស​ និងវិធីសាស្រ្តក្នុងការរៀន បង្រៀន ការស្រាវជ្រាវរបស់សាស្រ្ដាចារ្យ-គ្រូ និងនិស្សិត មានសមត្ថភាពចំណេះដឹង ចំណេះធ្វើ សីលធម៌វិជ្ជាជីវៈទៅតាមជំនាញនីមួយៗដូចខាងក្រោម៖

១. ជំនាញសេដ្ឋកិច្ច ៖ កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ជំនាញសេដ្ឋកិច្ច គឺជាវិស័យសិក្សាដែលផ្តោតលើការយល់ដឹងអំពីរបៀប​ដែលមនុស្ស អាជីវកម្ម និងរដ្ឋាភិបាល ប្រើប្រាស់ធនធានដែលមានកម្រិត ដើម្បីបំពេញតម្រូវការដែលគ្មានដែនកំណត់។ វាសិក្សាពីការផលិត ការចែកចាយ ការផ្លាស់ប្តូរ និងការប្រើប្រាស់ទំនិញ និងសេវាកម្មនៅក្នុងសង្គម។ ការសិក្សាជំនាញសេដ្ឋកិច្ច ជួយឱ្យនិស្សិតយល់ដឹងអំពីបញ្ហាសេដ្ឋកិច្ចផ្សេងៗ ដូចជា កំណើនសេដ្ឋកិច្ច អតិផរណា ភាពអត់ការងារធ្វើ ការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ។ និស្សិតនឹងរៀនអំពីទ្រឹស្តី និងគោលការណ៍សេដ្ឋកិច្ច ព្រមទាំងការវិភាគទិន្នន័យ ដើម្បីស្វែងយល់ពីបញ្ហា និងដំណោះស្រាយដែលទាក់ទងនឹងសេដ្ឋកិច្ច។ ជំនាញនេះមានសារៈសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ព្រោះវាជួយឱ្យមានការធ្វើផែនការ ការគ្រប់គ្រងធនធាន និងការកំណត់គោលនយោបាយប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ វាក៏ជួយបណ្តុះសមត្ថភាពក្នុងការគិតវិភាគ ការស្រាវជ្រាវ និងការសម្រេចចិត្តដោយផ្អែកលើទិន្នន័យ និងហេតុផល។ ការសិក្សាជំនាញសេដ្ឋកិច្ចត្រូវបានបែងចែកជាពីរផ្នែកសំខាន់ៗ គឺ សេដ្ឋកិច្ចមីក្រូ (Microeconomics) និង សេដ្ឋកិច្ចម៉ាក្រូ (Macroeconomics)។ សេដ្ឋកិច្ចមីក្រូសិក្សាអំពីអាកប្បកិរិយារបស់បុគ្គល អ្នកប្រើប្រាស់ និងអាជីវកម្មនៅក្នុងទីផ្សារ ខណៈសេដ្ឋកិច្ចម៉ាក្រូសិក្សាអំពីសេដ្ឋកិច្ចជារួមរបស់ប្រទេស រួមទាំងផលិតផលក្នុងស្រុកសរុប (GDP) អត្រាអតិផរណា អត្រាការប្រាក់ និងគោលនយោបាយរបស់រដ្ឋាភិបាល។ សរុបមក ជំនាញសេដ្ឋកិច្ច គឺជាវិស័យដ៏សំខាន់មួយដែលផ្តល់ចំណេះដឹងអំពីការដំណើរការនៃសេដ្ឋកិច្ច និងរៀបចំអ្នកសិក្សាឱ្យមានសមត្ថភាព ចូលរួមក្នុងការអភិវឌ្ឍអង្គភាព អាជីវកម្ម និងប្រទេសជាតិប្រកបដោយប្រសិទ្ធភាព។

២. ​ជំនាញធនាគារនិងហិរញ្ញវត្ថុ ៖  កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ជំនាញ ធនាគារនិងហិរញ្ញវត្ថុ គឺជាវិស័យមួយដែលផ្តោតលើការគ្រប់គ្រង ចាត់ចែង និងវិភាគលើប្រព័ន្ធហិរញ្ញវត្ថុ ទាំងក្នុងកម្រិតបុគ្គល អាជីវកម្ម និងសេដ្ឋកិច្ចជាតិ។ វាជាជំនាញ​សំខាន់ ដែលជួយឲ្យការប្រើប្រាស់ប្រាក់ និងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងមានភាពច្បាស់លាស់។ ការសិក្សាជំនាញនេះមានគោលបំណងផ្តល់ចំណេះដឹងអំពីរបៀបដំណើរការរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ រួមទាំងការទទួលប្រាក់បញ្ញើ ការផ្តល់ប្រាក់កម្ចី ការគ្រប់គ្រងឥណទាន និងការវិនិយោគ។ ជាមួយគ្នានេះ អ្នកសិក្សាក៏នឹងបានរៀនអំពីគោលការណ៍ហិរញ្ញវត្ថុសំខាន់ៗ ដូចជាការគ្រប់គ្រងហានិភ័យ ការវិភាគទីផ្សារហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុ។ ជំនាញ ធនាគារនិងហិរញ្ញវត្ថុ មិនត្រឹមតែផ្តោតលើទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ពាក់ព័ន្ធនឹងការអនុវត្តជាក់ស្តែង ដូចជាការវិភាគទិន្នន័យសេដ្ឋកិច្ច ការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុទំនើប និងការសម្រេចចិត្តវិនិយោគដែលមានមូលដ្ឋានលើព័ត៌មានត្រឹមត្រូវ។ លើសពីនេះ វិស័យនេះមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយជួយបង្កើនលំហូរទុនក្នុងទីផ្សារ គាំទ្រអាជីវកម្ម និងបង្កើតឱកាសការងារជាច្រើន។ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ក៏ជាចំណុចកណ្តាលក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច និងការជំរុញការរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។ សរុបមក ការសិក្សាជំនាញ ធនាគារនិងហិរញ្ញវត្ថុ ជាជម្រើសសំខាន់សម្រាប់អ្នកដែលចង់បន្តអាជីពក្នុង វិស័យធនាគារ  ការវិនិយោគ ការគ្រប់គ្រងហិរញ្ញវត្ថុ ឬសេដ្ឋកិច្ច ព្រោះវាផ្តល់នូវចំណេះដឹង និងជំនាញដែលអាចអនុវត្តបានយ៉ាងទូលំទូលាយ ក្នុងពិភពការងារពិតប្រាកដ។

៣. ជំនាញអភិវឌ្ឍន៍សហគមន៍ ៖ កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររងជំនាញអភិវឌ្ឍន៍សហគមន៍ គឺជាវិស័យសិក្សាមួយដែលផ្តោតលើការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនក្នុងសហគមន៍ តាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ ការប្រើប្រាស់ធនធានក្នុងសហគមន៍ប្រកប ដោយប្រសិទ្ធភាព និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិស្ថានប្រកបដោយចីរភាព។ ការសិក្សាជំនាញនេះជួយឱ្យនិស្សិតយល់ដឹងអំពីបញ្ហា និងតម្រូវការរបស់សហគមន៍ ព្រមទាំងរៀនពីវិធីសាស្ត្រក្នុងការរៀបចំផែនការ អនុវត្ត និងវាយតម្លៃគម្រោងអភិវឌ្ឍន៍។ និស្សិតនឹងសិក្សាអំពីការដឹកនាំសហគមន៍ ការគ្រប់គ្រងគម្រោង ការស្រាវជ្រាវសង្គម ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍជនបទ និងការពង្រឹងសមត្ថភាពប្រជាពលរដ្ឋ។ ជំនាញអភិវឌ្ឍន៍សហគមន៍ មានសារៈសំខាន់ក្នុងការជួយដោះស្រាយបញ្ហាសង្គមផ្សេងៗ ដូចជា ភាពក្រីក្រ ភាពអត់ការងារធ្វើ កង្វះការអប់រំ បញ្ហាសុខាភិបាល និងការអភិរក្សបរិស្ថាន។ តាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ និងកិច្ចសហការជាមួយអង្គការនានា វិស័យនេះរួមចំណែកក្នុងការកសាងសហគមន៍ដែលមានភាពរឹងមាំ និងអាចអភិវឌ្ឍខ្លួនឯងបាន។សរុបមក ជំនាញអភិវឌ្ឍន៍សហគមន៍ គឺជាវិស័យសិក្សាដែលផ្តល់ចំណេះដឹង និងជំនាញក្នុងការអភិវឌ្ឍមនុស្ស និងសង្គម ដោយផ្តោតលើការចូលរួមរបស់សហគមន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាជន។

៤. ជំនាញពាណិជ្ជកម្មអន្តរជាតិ ៖ ជំនាញពាណិជ្ជកម្មអន្តរជាតិ គឺជាវិស័យសិក្សាមួយដែលផ្តោតលើការផ្លាស់ប្តូរទំនិញ សេវាកម្ម ហិរញ្ញវត្ថុ និងព័ត៌មានរវាងប្រទេសនានាជុំវិញពិភពលោក។ ក្នុងយុគសម័យសាកលភាវូបនីយកម្មបច្ចុប្បន្ន ប្រទេសនីមួយៗ មានទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែជិតស្និទ្ធ ដែលធ្វើឱ្យពាណិជ្ជកម្មអន្តរជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការវិនិយោគ និងការបង្កើតការងារ។ ការសិក្សាជំនាញនេះ ផ្តល់ឱ្យនិស្សិតនូវចំណេះដឹងអំពីគោលការណ៍ពាណិជ្ជកម្មអន្តរជាតិ ការនាំចេញ-នាំចូល  ភស្តុភារ និងសង្វាក់ផ្គត់ផ្គង់ ទីផ្សារអន្តរជាតិ សេដ្ឋកិច្ចសកល គយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេស។ លើសពីនេះ និស្សិត ក៏ទទួលបានជំនាញក្នុងការវិភាគទីផ្សារ ការចរចាអាជីវកម្ម ការគ្រប់គ្រងប្រតិបត្តិការអន្តរជាតិ និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការធ្វើពាណិជ្ជកម្ម។ ជំនាញពាណិជ្ជកម្មអន្តរជាតិ មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សដែលមានសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ។ បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតអាចបំពេញការងារនៅក្នុងក្រុមហ៊ុននាំចេញនាំចូល ក្រុមហ៊ុនភស្តុភារ ធនាគារ ស្ថាប័នរដ្ឋ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងអាចបង្កើត និងគ្រប់គ្រងអាជីវកម្មផ្ទាល់ខ្លួនបានផងដែរ។សរុបមក ការសិក្សាជំនាញពាណិជ្ជកម្មអន្តរជាតិ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការយល់ដឹងអំពីប្រតិបត្តិការ ពាណិជ្ជកម្មសកល និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ដែលឆ្លើយតបទៅនឹងតម្រូវការនៃសេដ្ឋកិច្ចសម័យទំនើប។

៥. ជំនាញពន្ធដារ ៖ កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ជំនាញ ពន្ធដារ គឺជាវិស័យសិក្សាមួយដែលផ្តោតលើការយល់ដឹងអំពីច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីពាក់ព័ន្ធនឹងការគ្រប់គ្រង និងការប្រមូលពន្ធរបស់រដ្ឋ។ ជំនាញនេះមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយជួយធានាឱ្យមានការប្រមូលចំណូលសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសមធម៌។ អ្នកសិក្សាជំនាញពន្ធដារនឹងទទួលបានចំណេះដឹងអំពីប្រភេទពន្ធផ្សេងៗ ការគណនាពន្ធ ការរៀបចំ និងដាក់ស្នើលិខិតប្រកាសពន្ធ ព្រមទាំងការអនុវត្តច្បាប់ពន្ធដារក្នុងបរិបទអាជីវកម្ម និងស្ថាប័ននានា។ ក្រៅពីនេះជំនាញពន្ធដារ ក៏ជួយអភិវឌ្ឍជំនាញវិភាគ ការដោះស្រាយបញ្ហា​ ការប្រឹក្សាយោបល់ផ្នែកពន្ធ និងប្រព័ន្ធអេឡិចត្រូនិកសម្រាប់ការងារពន្ធដារ។ មានភាពទទួលខុសត្រូវ និងសុចរិតភាពក្នុងការងារ គោរពច្បាប់ និងស្តង់ដារវិជ្ជាជីវៈ មានសមត្ថភាពធ្វើការជាក្រុម និងទំនាក់ទំនងជាមួយអតិថិជន ឬស្ថាប័នរដ្ឋ ដែលជាមូលដ្ឋានសម្រាប់អាជីពក្នុងវិស័យ គណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម និងការប្រឹក្សាពន្ធនៅពេលអនាគត។ ការអនុវត្តន៍វិជ្ជាជីវៈនៃពន្ធដារ មិនត្រឹមតែជួយសម្រួលប្រតិបត្តិការប្រកាសពន្ធបានត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែអាចធ្វើឲ្យស្ថាប័នពន្ធដារ កាន់តែមានសមត្ថភាពក្នុងការបំពេញតួនាទីជាមូលដ្ឋានសេដ្ឋកិច្ចបានប្រសើរជាងមុន។ ដូច្នេះ ការសិក្សានៃជំនាញនេះ គឺមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការបង្កើតទេពកោសល្យបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្ពោះទៅរកអនាគតវិជ្ជាជីវៈមួយដែលប្រកបដោយជោគជ័យ។

៦. ជំនាញសវកម្ម ៖ កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររងជំនាញ សវនកម្ម គឺជាដំណើរការត្រួតពិនិត្យ វាយតម្លៃ និងផ្ទៀងផ្ទាត់ព័ត៌មានហិរញ្ញវត្ថុ ប្រព័ន្ធគ្រប់គ្រង និងប្រតិបត្តិការរបស់អង្គភាពមួយ ដើម្បីធានាថាព័ត៌មានទាំងនោះមានភាពត្រឹមត្រូវ អាចជឿទុកចិត្តបាន និងអនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងស្តង់ដារដែលពាក់ព័ន្ធ ជាពិសេស ស្តង់ដារគណនេយ្យ ហិរញ្ញវត្ថុ និសវនកម្ម។ ការសិក្សាជំនាញសវនកម្ម មានសារៈសំខាន់យ៉ាងខ្លាំងក្នុងវិស័យគណនេយ្យ និងការគ្រប់គ្រងអាជីវកម្ម ព្រោះវាជួយឱ្យអ្នកសិក្សាទទួលបានចំណេះដឹង និងជំនាញក្នុងការត្រួតពិនិត្យកំណត់ត្រាហិរញ្ញវត្ថុ ការវាយតម្លៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ការកំណត់ហានិភ័យ និងការផ្តល់យោបល់សម្រាប់ការកែលម្អប្រសិទ្ធភាពការងាររបស់អង្គភាព។ ជំនាញសវនកម្ម ផ្តោតលើប្រធានបទសំខាន់ៗ ជាច្រើនដូចជា គោលការណ៍គណនេយ្យ ស្តង់ដារសវនកម្ម ការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង ក្រមសីលធម៌វិជ្ជាជីវៈ និងវិធីសាស្ត្រប្រមូលភស្តុតាងសវនកម្ម។ ការយល់ដឹងលើមុខវិជ្ជាទាំងនេះអាចជួយឱ្យសវនករអនុវត្តការងារបានដោយឯករាជ្យ តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញរបស់ខ្លួន។ ជារួមការសិក្សាជំនាញសវនកម្ម គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍអ្នកជំនាញដែលអាចចូលរួមក្នុងការធានាភាពជឿជាក់នៃព័ត៌មានហិរញ្ញវត្ថុ និងការលើកកម្ពស់អភិបាលកិច្ចល្អនៅក្នុងអង្គភាពសាធារណៈ និងឯកជន។

៧. ជំនាញការគ្រប់គ្រងហានិភ័យ និងធនារ៉ាប់រង  ៖ កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររងជំនាញ ការគ្រប់គ្រងហានិភ័យ និងធនារ៉ាប់រង គឺជាករសិក្សាដែលឆ្លុះបញ្ចាំងក្នុងសង្គម និងសេដ្ឋកិច្ចសម័យទំនើប មនុស្ស និងអង្គការនានាតែងតែប្រឈមមុខនឹងហានិភ័យជាច្រើនដូចជា គ្រោះថ្នាក់ធម្មជាតិ អគ្គិភ័យ គ្រោះថ្នាក់ចរាចរណ៍ ការបាត់បង់ទ្រព្យសម្បត្តិ ឬហានិភ័យផ្នែកហិរញ្ញវត្ថុ។ ហានិភ័យទាំងនេះអាចបង្កឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់បុគ្គល គ្រួសារ អាជីវកម្ម និងសង្គមទាំងមូល។ ដូច្នេះការគ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង បានក្លាយជាវិស័យដ៏សំខាន់មួយក្នុងការជួយកាត់បន្ថយ និងគ្រប់គ្រងផលប៉ះពាល់ដែលកើតឡើងពីហានិភ័យទាំងនោះ។ ជំនាញការគ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង គឺជាការសិក្សាអំពីការកំណត់អត្តសញ្ញាណ វាយតម្លៃ វិភាគ និងដោះស្រាយហានិភ័យតាមវិធីសាស្ត្រផ្សេងៗ។ ជាមួយគ្នានេះ វាក៏សិក្សាអំពីតួនាទីរបស់ធានារ៉ាប់រងក្នុងការផ្ទេរហានិភ័យពីបុគ្គល ឬអង្គភាពអាជីវកម្មទៅកាន់ក្រុមហ៊ុនធានារ៉ាប់រង ដើម្បីកាត់បន្ថយការខាតបង់ហិរញ្ញវត្ថុដែលអាចកើតមាន។ ការសិក្សាជំនាញនេះផ្តល់ឱ្យនិស្សិតនូវចំណេះដឹង និងជំនាញក្នុងការវិភាគហានិភ័យ ការរៀបចំផែនការ គ្រប់គ្រងហានិភ័យ ការយល់ដឹងអំពីផលិតផលធានារ៉ាប់រង ការគ្រប់គ្រងការទាមទារសំណង និងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។ ជំនាញទាំងនេះមានសារៈសំខាន់សម្រាប់ការងារនៅក្នុងក្រុមហ៊ុនធានារ៉ាប់រង ធនាគារ ស្ថាប័ន ហិរញ្ញវត្ថុ សហគ្រាសឯកជន និងស្ថាប័នរដ្ឋ។ សរុបមក ការគ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង គឺជាវិស័យដែលមានតួនាទីយ៉ាងសំខាន់ក្នុងការធានាស្ថិរភាពហិរញ្ញវត្ថុ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់បុគ្គល ស្ថាប័ន និងសង្គម។ ការសិក្សាជំនាញនេះនឹងជួយបង្កើនសមត្ថភាពក្នុងការទប់ស្កាត់ និងដោះស្រាយហានិភ័យប្រកបដោយប្រសិទ្ធភាពក្នុងពិភពលោកដែលមានការផ្លាស់ប្តូរជាបន្តបន្ទាប់។

​ចក្ខុវិស័យ

មហាវិទ្យាល័យសង្គមសាស្រ្ដ និងសេដ្ឋកិច្ច ជាមហាវិទ្យាល័យដែលឈានមុខគេក្នុងការផ្តល់នូវចំណេះ ជំនាញ សមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីក្លាយជាមូលធនមនុស្សដល់អ្នកសិក្សាគ្រប់មជ្ឍដ្ឋាន។

បេសកកម្ម

ដើម្បីឆ្លើយតប និងសម្រេចនូវចក្ខុវិស័យខាងលើ មហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ចបានកំណត់នូវបេសកកម្មសំខាន់ៗដូចខាងក្រោម៖

             ១. ពង្រឹងអភិបាលកិច្ចលើការអនុវត្ដការងារគ្រប់គ្រងរដ្ឋបាលសិក្សារបស់មហាវិទ្យាល័យឱ្យមានប្រសិទ្ធភាពខ្ពស់

             ២.​ ជំរុញការបង្រៀន និងរៀន របស់សាស្រ្ដាចារ្យ-គ្រូ និស្សិត  តាមបែបរិះរក (Inquiry Based Learning)

             ៣. ធ្វើទំនាក់ទំនងរបស់ភាគីពាក់ព័ន្ធ ទាំងខាងក្នុង និងខាងក្រៅប្រទេសព្រមទាំងបង្កើតនូវកិច្ចសហប្រតិ​បត្តិការភាពជាដៃគូក្នុងគោលដៅផ្តល់ប្រយោជន៍ដល់មហាវិទ្យាល័យសាមី។

             ៤. ជំរុញ និងលើកកម្ពស់ព្រមទាំងបណ្តុះនូវផ្នត់គំនិតដល់និស្សិតឱ្យមានភាពក្លាហាន ជឿជាក់លើខ្លួនឯងផ្តល់ការគោរពស្រលាញ់ និងទំនួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ។

             ៥. ជំរុញ​ និងចាប់យកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈភាសាបរទេស ប្រព័ន្ធព័ត៌មានវិទ្យា និងទូរគមនាគមន៍ ដើម្បីពង្រឹងបន្ថែមដល់សមត្ថភាពជំនាញជំនាញស្នូលរបស់និស្សិត។

គោលដៅ

ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មខាងលើមហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច បង្កើតនិងជំរុញនូវគុណតម្លៃស្នូលដោយលើកកម្ពស់គុណភាព នៃការអប់រំប្រកបដោយសមត្ថភាពខ្ពស់ គុណភាពជាមួយការទទួលបាននូវការទទួលស្គាល់ និងការគាំទ្រពីអ្នកសិក្សាគ្រប់មជ្ឈដ្ឋាន ក៏ដូចជាភាគីជាដៃគូពាក់ព័ន្ធផងដែរ។ ឆ្លងតាមរយៈភាពខ្លាំងនេះ មហាវិទ្យាល័យនឹងស្រូបយកកំណើនបរិមាណនិស្សិតកើនលើគ្រប់ជំនាញទាំងអស់នៅឆ្នាំសិក្សាបន្ទាប់។