KH   |   EN ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
× aeu logo
   

មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និងភាសាបរទេស

សេចក្តីផ្តើម

មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាបរទេស គឺជាសសរទ្រូងដ៍សំខាន់មួយរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលត្រូវបានបែងចែកជាបីដេប៉ាតឺម៉ង់គឺ៖ ដេប៉ាតឺម៉ង់ភាសាអង់គ្លេស ដេប៉ាតឺម៉ង់ទំនាក់ទំនងអន្តរជាតិ និងដេប៉ាតឺម៉ង់ភាសាចិន ។ រាល់កម្មវិធីសិក្សាទាំងអស់នៅក្នុងដេប៉ាតឺម៉ង់នីមួយៗ មិនត្រឹមតែត្រូវបានរចនាឡើងដើម្បីផ្តល់ចំណេះដឹងទៅតាមតម្រូវការសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងតម្រូវការជាក់ស្តែង និងការប្រែប្រួលនៃទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។

ឈរលើស្មារតីកែទម្រង់ស៊ីជម្រៅលើគុណភាពអប់រំឧត្តមសិក្សា មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាបរទេស បាននិងកំពុងដាក់ឱ្យអនុវត្តយ៉ាងសកម្មនូវ កម្មវិធីសិក្សាផ្អែកលើលទ្ធផលសមត្ថភាព (Outcome-Based Education - OBE)។ នេះជាប្រព័ន្ធអប់រំទំនើបដែលផ្លាស់ប្តូរការផ្តោតអារម្មណ៍ពី «អ្វីដែលសាស្ត្រាចារ្យត្រូវបង្រៀន»  ទៅជា «អ្វីដែលនិស្សិតអាចធ្វើបាន និងសម្រេចបានពិតប្រាកដ» ក្រោយពេលបញ្ចប់ការសិក្សា។

ដើម្បីធានាបាននូវការសម្រេចបាននូវលទ្ធផលសិក្សាទាំងនេះ មហាវិទ្យាល័យ បាននិងកំពុងបង្កើត​នូវបរិបទសិក្សា បែបវិជ្ជមាន និងសកម្ម (Active Learning Environments)។ និស្សិតត្រូវបានជំរុញ និងផ្តល់ឱកាសពេញលេញក្នុងការចូលរួមកម្មវិធីប្រកួតប្រជែងសមត្ថភាពភាសា និងជំនាញ ការបង្កើតគម្រោងស្រាវជ្រាវ ការបំផុសគំនិតច្នៃប្រឌិត និងនវានុវត្តន៍ថ្មីៗ។ លើសពីនេះទៅទៀត កម្មវិធីសិក្សាបានរួមបញ្ចូលយ៉ាងរឹងមាំនូវការបណ្តុះបណ្តាលជំនាញគរុកោសល្យ និងការចុះកម្មសិក្សាអនុវត្តផ្ទាល់ (Practicum) ។ យន្តការទាំងនេះ ធានាថានិស្សិតដែលបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ នឹងក្លាយជាធនធានមនុស្សដែលមានការគិតបែបស៊ីជម្រៅ មានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងមានលក្ខណៈសម្បត្តិពេញលេញក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ និងដើរទន្ទឹមគ្នានឹងនិយាម​អប់រំក្នុងស្រុក និងអាស៊ាន។

ចក្ខុវិស័យ

ត្រូវតែក្លាយជាមហាវិទ្យាល័យឈានមុខ​មួយ​ ក្នុង​ចំណោម​មហាវិទ្យាល័យ​ឈានមុខគេក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សលើជំនាញភាសាបរទេស ដែលមានសមត្ថភាពពិតប្រាកដប្រកបដោយឧត្តមភាព ក្រមសីលធម៌វិជ្ជាជីវៈ និងសមត្ថភាពពេញលេញក្នុងការចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារយុគសម័យសកលភាវូបនីយកម្ម។

បេសកកម្ម

ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ និងធានាបាននូវគុណភាពអប់រំតាមស្តង់ដារ OBE មហាវិទ្យាល័យប្តេជ្ញាចិត្តលើបេសកកម្មដូចខាងក្រោម៖

  • ការអប់រំផ្អែកលើលទ្ធផល: កែទម្រង់យន្តការបង្រៀន និងរៀនដោយយកនិស្សិតជាមជ្ឈមណ្ឌល និងផ្តោតលើលទ្ធផលសមត្ថភាពដែលអាចវាស់វែងបាន។
  • ការអភិវឌ្ឍការគិតកម្រិតខ្ពស់: ជំរុញឱ្យនិស្សិតអភិវឌ្ឍសមត្ថភាពគិតបែបស៊ីជម្រៅ ការដោះស្រាយបញ្ហា និងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ។
  • ការស្រាវជ្រាវ និងនវានុវត្តន៍: លើកកម្ពស់ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការអភិវឌ្ឍសមត្ថភាពជាប្រចាំសម្រាប់សាស្ត្រាចារ្យ និងនិស្សិត តាមរយៈការធ្វើកម្មសិក្សា និងការបណ្តុះបណ្តាលវិជ្ជាជីវៈកម្រិតខ្ពស់។
  • ការភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត: ពង្រឹងការចុះអនុវត្តការងារផ្ទាល់ដល់និស្សិត មុនពេលបញ្ចប់ការសិក្សា។

គុណតម្លៃ

មហាវិទ្យាល័យប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល ដូចខាងក្រោម៖

  • ឧត្តមភាព: ផ្ដោតលើលទ្ធផលសិក្សា និងសមត្ថភាពការងារកម្រិតខ្ពស់។
  • គុណភាព និងនវានុវត្តន៍: ការរៀនសូត្រ និងការបង្រៀនប្រកបដោយការច្នៃប្រឌិត និងស្តង់ដារ។
  • សុចរិតភាព និងក្រមសីលធម៌: ការគោរពក្រមសីលធម៌វិជ្ជាជីវៈ វិន័យ និងការទទួលខុសត្រូវចំពោះសង្គម។
  • សមត្ថភាពបន្ស៊ាំ: ភាពវៃឆ្លាតក្នុងការបត់បែន និងដោះស្រាយបញ្ហាក្នុងបរិបទការងារដែលប្រែប្រួលលឿន។

 គោលដៅ

ផ្អែកលើផែនការយុទ្ធសាស្ត្រ ៥ ឆ្នាំ មហាវិទ្យាល័យបានកំណត់គោលដៅជាក់លាក់ដើម្បីសម្រេចឲ្យបាននូវប្រព័ន្ធ OBE ដូចខាងក្រោម៖

  1. ធានា ១០០% នៃកម្មវិធីសិក្សា៖ រៀបចំ និងធ្វើបច្ចុប្បន្នភាពមុខវិជ្ជាទាំងអស់ឱ្យមាន លទ្ធផលសិក្សារំពឹងទុក (Course Learning Outcomes - CLOs) ច្បាស់លាស់ និងស្របតាមតម្រូវការទីផ្សារការងារ។
  2. ពង្រឹងគុណវុឌ្ឍិសាស្ត្រាចារ្យ៖ បណ្តុះបណ្តាលបុគ្គលិក និងសាស្ត្រាចារ្យជាប្រចាំលើវិធីសាស្ត្របង្រៀនបែប OBE និងការវាយតម្លៃលទ្ធផលសិក្សារបស់និស្សិតឱ្យមានតម្លាភាព។
  3. លើកកម្ពស់លទ្ធផលស្រាវជ្រាវ៖ បង្កើនការចូលរួមរបស់សាស្ត្រាចារ្យ និងនិស្សិតក្នុងការស្រាវជ្រាវ
    បោះពុម្ពផ្សាយ ដើម្បីគាំទ្រដល់គុណភាពអប់រំ។
  4. បង្កើតប្រព័ន្ធវាយតម្លៃសមត្ថភាព៖ ពង្រឹងប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃការបង្រៀន និងការរៀន
    ដែលផ្តោតលើ «សមត្ថភាពជាក់ស្តែងដែលនិស្សិតធ្វើបាន» ជាជាងការទន្ទេញចាំទ្រឹស្តី។
  5. ពង្រីកបណ្តាញការងារ៖ បង្កើនកិច្ចសហការជាមួយក្រុមហ៊ុន និងស្ថាប័នជាតិ-អន្តរជាតិ ដើម្បីធានាអត្រាទទួលបានការងារធ្វើ (Employability Rate) ខ្ពស់របស់និស្សិតក្រោយបញ្ចប់ការសិក្សា។