សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរៀបចំបាឋកថាផ្សព្វផ្សាយអំពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតប្រមាណ ២៥០ អង្គ/នាក់។
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥សាកលវិទ្យាល័យ អាស៊ី អឺរ៉ុបបានសហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំបាឋកថាផ្សព្វផ្សាយអំពីបេសកកម្មដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្រោមសហអធិបតីភាព លោកសាស្រ្តាចារ្យបណ្ឌិត សួស សោភា សាកលវិទ្យាធិការរង តំណាងលោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងឯកឧត្តម សុខ បូរ៉ា និងឯកឧត្តម លាវ ពិសិដ្ឋ អគ្គលេខាធិការរងនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការព្រមទាំងលោក យន់ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានស្រាវជ្រាវ បច្ចេកទេស និងកិច្ចការច្បាប់ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលជាវាគ្មិនកិត្តិយស។
បាឋកថាផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីសំណាក់ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ មន្រ្តីនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងនិស្សិតសរុបប្រមាណ ២៥០រូប។
ឆ្លៀតក្នុងឱកាសនេះ លោកសាស្រ្តាចារ្យបណ្ឌិតសាកវិទ្យាធិការរង បានឱ្យដឹងដែរថា ដើម្បីជួយពង្រឹងសមត្ថភាព និងលើកកម្ពស់ចំណេះដឹងថ្មីៗ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំនូវកម្មវិធីបាឋកថា សិក្ខាសាលា និងវេទិការវិទ្យាសាស្ត្រជាច្រើនដង និងជាប្រចាំឆ្នាំទៅតាមកម្មវិធីដែលបានគ្រោងទុក តាមរយៈជំនាញផ្សេងៗគ្នានៃមហាវិទ្យាល័យ នីមួយៗ និងសាលាក្រោយឧត្តម ដោយបានអញ្ជើញបណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ អ្នកឯកទេស វាគ្មិនល្បីៗ ដែលមានជំនាញជ្រៅជ្រះទាំងក្នុងវិស័យសាធារណៈ និងឯកជន។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរង នៃ អ.ដ.ក បានលើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះដែលបានចាត់ទុកការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាជ្រុងមួយនៃស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
ការកែទម្រង់ប្រព័ន្ធយុត្តិធម៌នេះនឹងត្រូវធ្វើលើសសរស្ដម្ភចំនួន២ គឺសសរស្ដម្ភទី១ ការកែទម្រង់ប្រព័ន្ធតុលាការ និងសសរស្ដម្ភទី២ ការកែទម្រង់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ជាក់ស្តែង ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលហៅកាត់ថា អ.ដ.ក. នេះ គឺជាសមិទ្ធផលថ្មីមួយ ដើម្បីដើរតួនាទីជាប្រតិបត្តិករក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ លើសសរស្ដម្ភទី២ ការកែទម្រង់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
អ.ដ.ក. គឺជាយន្តការថ្នាក់ជាតិមួយ បន្ថែមលើយន្តការដែលមានស្រាប់ ដែលមានបេសកកម្មដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលអាចធានាបាននូវបរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ។
ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការរង ក៏បានផ្តាំផ្ញើដល់ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ឱ្យជួយធ្វើការផ្សព្វផ្សាយបន្តឱ្យបានកាន់តែទូលំទូលាយ សំដៅធ្វើយ៉ាងណាឱ្យសាធារណជន ពិសេសប្រជាពលរដ្ឋដែលមានតម្រូវការប្រើប្រាស់សេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ បានទទួលព័ត៌មានច្បាស់លាស់ អំពីការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលធ្វើឡើងក្នុងក្របខ័ណ្ឌនៃអ.ដ.ក. នេះផងដែរ។