សិក្ខាសាលាផ្សព្វផ្សាយស្តីពី " ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ "
ជូនដល់សាស្រ្ដាចារ្យ និងនិស្សិត ជំនាញគណនេយ្យ និងធនាគារនិងហិរញ្ញវត្ថុ
នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សហការជាមួយ និយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ជូនសាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃយ័តករគណនេយ្យនិងសវនកម្ម។ សិក្ខាសាលានេះមានការ អញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត សួស សោភា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុបព្រមទាំងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិ នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា ថ្នាក់ដឹកនាំ មន្ត្រី នៃនិយ័តករគណនេយ្យនិងសវនកម្ម លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត ចំនួន២០០នាក់។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជាបការការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងច្បាប់គណនេយ្យនិងសវនកម្ម ស្តង់ដាបច្ចេកទេសនៅកម្ពុជា ជូនដល់សាស្ត្រាចារ្យ និងនិស្សិតដែលកំពុងសិក្សាជំនាញពាក់ព័ន្ធ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត សាកលវិទ្យាធិការរង មានមតិស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងថ្លែង អំណរគុណចំពោះ ឯកឧត្តមអគ្គនាយក ថ្នាក់ដឹកនាំ មន្ត្រី នៃនិយ័តករគណនេយ្យនិងសវនកម្ម ដែលបានរៀបចំ សិក្ខាសាលាដ៏មានសារៈសំខាន់នេះជូនដល់ លោកគ្រូ អ្នកគ្រូ សិស្សនិងនិស្សិត នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងលើកទឹកចិត្តដល់និស្សិត ទាំងអស់ដែលបានចូលរួមក្នុងអង្គសិក្ខាសាលាឱ្យយកចិត្តទុកដាក់ស្ដាប់វាគ្មិនធ្វើបទបង្ហាញ ដើម្បីទទួលបាននូវពុទ្ធិបន្ថែមពាក់ព័ន្ធវិស័យគណនេយ្យនឹងសវនកម្ម ដែលអាចយកទៅប្រើប្រាស់បាន។ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត បានបន្ថែមទៀតថាសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជាសាកលវិទ្យាល័យឯកជនមួយ ដែលបានចាប់កំណើតឡើងពីអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០២ មានឈ្មោះថា អង្គការវិទ្យាស្ថាន អាស៊ី អឺរ៉ុប។ ការកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជាបន្តបន្ទាប់ក៏ប្រែក្លាយខ្លួនទៅជា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៥។ ដោយមានការពិនិត្យ និងវាយតម្លៃយ៉ាងហ្មត់ចត់ទៅលើគុណវុឌ្ឍិ៍តាមកម្រិតស្តង់ដាគុណភាពអប់រំនោះ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ត្រូវបានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ផ្តល់ការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាកម្រិតគ្រឹះស្ថានទាំងមូលរយៈពេល ៥ឆ្នាំ ជាបន្តទៀត (២០២៣-២០២៧)។
ជាកិច្ចបន្ទាប់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម បានថ្លែងសុន្ទរកថា បើកអង្គសិក្ខាសាលា ដោយបានលើកអំពីការវិវឌ្ឍន៍របស់ស្ថាប័នតាំងពីឆ្នាំ២០០២ ក្រោយពីច្បាប់ស្តីពីគណនេយ្យសហគ្រាស សវនកម្មគណនេយ្យសហគ្រាស និងវិជ្ជាជីវៈគណនេយ្យបានចូលជាធរមានមកមានស្ថាប័ន២ ត្រូវបានបង្កើតឡើងដាក់ឱ្យអនុវត្តគឺ ក្រុមប្រឹក្សាជាតិគណនេយ្យ និងវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា។ បន្ទាប់មកនៅឆ្នាំ២០១៦ ក៏បានផ្លាស់ប្តូរទៅជាច្បាប់ស្តីពីគណនេយ្យនិងសវនកម្មវិញ។ ជាក់ស្តែងកាលពីឆ្នាំ២០២១ មានការកែប្រែនូវរចនាសម្ព័ន្ធ ស្ថាប័នដែលធ្វើឱ្យក្រុមប្រឹក្សាជាតិគណនេយ្យបានក្លាយជានិយ័តករគណនេយ្យនិងសវនកម្ម ស្របតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ បច្ចុប្បន្ន និយ័តករគណនេយ្យនិងសវនកម្ម ត្រូវបន្តអនុវត្ត មុខងារភារកិច្ចពីក្រុមប្រឹក្សាជាតិគណនេយ្យ និងត្រូវស្ថិតក្រោមអាណាព្យាបាលរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
ក្នុងនោះផងដែរ ឯកឧត្តមអគ្គនាយក បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ និងឆ្នាំខាងមុខ និយ័តករគណនេយ្យ និងសវនកម្ម នឹងបន្តរៀបចំការផ្សព្វផ្សាយបន្ថែមទៀតនូវច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងកាតព្វកិច្ចគណនេយ្យនិង សវនកម្មស្របតាមផែនការ និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវា ហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងគោលបំណងបញ្ញាបការយល់ដឹងឱ្យកាន់តែទូលំទូលាយ និងច្បាស់លាស់អំពីច្បាប់ និងបច្ចុប្បន្នភាពនៃបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យនិងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម។ ឯកឧត្តមអគ្គនាយក បានបន្ថែមថា ការជំរុញការអនុវត្តកាតព្វកិច្ចទាំងនេះពីសំណាក់និយ័តករគណនេយ្យនិងសវនកម្ម នឹងផ្តល់ប្រយោជន៍យ៉ាង ពិតប្រាកដ ដល់និស្សិតដែលសិក្សាជំនាញគណនេយ្យនោះគឺភាពមានការងារធ្វើ។ ជំនាញគណនេយ្យ គឺជាជំនាញមួយដ៍សំខាន់ដែលគ្រប់ស្ថាប័ន ទាំងស្ថាប័នរដ្ឋ និងស្ថាប័បឯកជន ត្រូវការជំនាញនេះមិនអាចខ្វះបាន។ បច្ចុប្បន្ន ផ្តើមចេញពីការដាក់ចេញនូវវិធានការតឹងរឹងក្នុងការពង្រឹងអនុលោមភាព សេចក្តីត្រូវការគណនេយ្យករដែលមានគុណវុឌ្ឍខ្ពស់ គណនេយ្យករ ជំនាញនិងសវនករ មានការកើនឡើងយ៉ាងគំហុគដែលយើងអាចវាយតម្លៃបានថា នាថ្ងៃអនាគតដ៏ខ្លីខាងមុខតុល្យភាពនៃការផ្គត់ផ្គង់និងតម្រូវការទីផ្សារនៃសេវាគណនេយ្យនិងសវនកម្ម ដែលតម្រូវឱ្យនិយ័តករគណនេយ្យនិងសវនកម្ម និងវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា និងរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាអាទិភាពលើការកសាងធនធានមនុស្ស។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមអគ្គនាយក បានលើកយកនូវចំណុចសំខាន់នៃការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុស្របតាមស្តង់ដាជាធរមាន នឹងជួយលើកកម្ពស់តម្លាភាពនិងភាពអាចទុកចិត្តបាននៃរបាយការណ៍ហិរញ្ញវត្ថុផង និងជួយសម្រួលដល់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធផង ហើយ ការនេះវាជាបច្ច័យមួយរួមចំណែកជួយដល់កំណើនចំណូលសារពើពន្ធ។
ជាចុងបញ្ចប់ ឯកឧត្តមអគ្គនាយក បានថ្លែងអំណរគុណដល់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត សួស សោភា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងក្រុមការងាររបស់និយ័តករគណនេយ្យនិងសវនកម្ម ដែលបានសហការរៀបចំសិក្ខាសាលា ដ៏មានសារៈសំខាន់នេះឡើង និងបានជូនពរដល់ក្រុមការងារព្រមទាំងនិស្សិតទាំងអស់សូមទទួលបាននូវសុខភាពល្អ កម្លាំងពលំមាំមួន និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។