KH   |   ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
× aeu logo
   

ដំណើរកម្សាន្ត​គ្រួសារ​ អាស៊ី អឺរ៉ុប ទៅកាន់ខេត្តកែប និងខេត្តកំពតនារដូវកាលបៃតង ឆ្នាំ២០២៦

ដំណើរកម្សាន្ត​គ្រួសារ​ អាស៊ី អឺរ៉ុប ទៅកាន់ខេត្តកែប និងខេត្តកំពតនារដូវកាលបៃតង ឆ្នាំ២០២៦

នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦​ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សហការជាមួយក្រសួងទេសចរណ៍ បានរៀបចំដំណើរកម្សាន្ត​គ្រួសារ​ អាស៊ី អឺរ៉ុប ទៅកាន់ខេត្តកែប និងខេត្តកំពត នារដូវកាលបៃតង ឆ្នាំ២០២៦ ដោយមាន ឯកឧត្ដម កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (ក.ទ.ប.) តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អមដោយ ឯកឧត្តម មហាំម៉ាត់ យូណេះ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន ក.ទ.ប. អញ្ជើញសំណេះសំណាល និងជូនដំណើរ គណៈ​គ្រប់គ្រង​ បុគ្គលិក​ យុវជន​ ស.ស.យ.ក.​ និង​ ក.ក្រ.ក.​ នៃ​សាកលវិទ្យាល័យ អាស៊ី​ អឺរ៉ុប សរុបចំនួន ១២៤រូប។

លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ​ អាស៊ី អឺរ៉ុប បានបញ្ជាក់ថា គោលបំណងនៃដំណើរកម្សាន្តនេះ យោងតាមផែនការសកម្មភាពរបស់សាកលវិទ្យាល័យ និងដើម្បីគាំទ្រយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយុទ្ធនាការក្នុងការជំរុញចលនាទេ​សចរណ៍​​​​នារដូវកាល​បៃតងរបស់ក្រសួងទេសចរណ៍។ ដំណើរកម្សាន្តនេះមិនត្រឹមតែជាសកម្មភាពកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការពង្រឹងសាមគ្គីភាព អភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ លើកទឹកចិត្តបុគ្គលិក និងជំរុញឱ្យសាកលវិទ្យាល័យមានការអភិវឌ្ឍន៍កាន់តែមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងជំរុញដល់ការផ្សព្វផ្សាយនូវតំបន់ទេសចរណ៍ក្នុងស្រុកថែមទៀតផង។ លើសពីនេះទៅទៀតលោកក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើ និងថ្លែងអំណរគុណ របស់ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងលោកជំទាវ ជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទេសចរណ៍ទាំងអស់ ដែលបានជួយសម្របសម្រួលលើដំណើរកម្សាន្តនេះប្រព្រឹត្តទៅដោយរលូន និងសប្បាយរីករាយ។

គូសបញ្ជាក់ផងដែរថា ក្នុងដំណើរកម្សាន្តនេះ គណៈ​គ្រប់គ្រង​ បុគ្គលិក​ យុវជន​ ស.ស.យ.ក.​ និង​ ក.ក្រ.ក.​ នៃ​សាកលវិទ្យាល័យ អាស៊ី​ អឺរ៉ុប បានទស្សនាឆ្នេរកែប និងទិដ្ឋភាពនៃក្រុងកែប ខេត្តកែប ទស្សនារូងភ្នំកំពង់ត្រាច រមណីយដ្ឋានទឹកឈូ រូបសំណាកសេះសមុទ្រ និងទិដ្ឋភាពទូទៅនៃក្រុងកំពត ខេត្តកំពត។