KH | ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
×

តំណាងអ្នកឧកញ៉ា លី ឃុនថៃ ប្រគល់លិខិតសរសើរជូននិសិ្សតជ័យលាភីសារណាថ្នាក់បរិញ្ញាបត្រជិត ៥០០នាក់ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប

តំណាងអ្នកឧកញ៉ា លី ឃុនថៃ ប្រគល់លិខិតសរសើរជូននិសិ្សតជ័យលាភីសារណាថ្នាក់បរិញ្ញាបត្រជិត ៥០០នាក់ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប

(ភ្នំពេញ)៖ លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការតំណាងអ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នេះ បានអញ្ជើញប្រគល់លិខិតសរសើរជូននិសិ្សតជ័យលាភីសារណាថ្នាក់បរិញ្ញាបត្រជំនាន់ទី២៣-២៤ ក្នុងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ មហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច និងមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងបណ្ណសរសើរនិស្សិតឆ្នើមនៃសាកវិទ្យាល័យ អាស៊ី អឺរ៉ុប។

ពិធីនេះក៏មានសាកលវិទ្យាធិការង គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ សមណនិស្សិត និស្សិត សរុប ៤៨៤អង្គ/នាក់ ក្នុងនោះនិស្សិតជ័យលាភីដែលត្រូវទទួលលិខិតសរសើរ រួមមាន៖ ជំនាញ វិទ្យាសាស្រ្តកុំព្យូទ័រ, បច្ចេកវិទ្យាព័ត៌មាន, គ្រប់គ្រង, ម៉ាឃីទីង, គណនេយ្យ, ការគ្រប់គ្រងសណ្ឋាគារនិងទេសចរណ៍ និងធនាគារនិងហិរញ្ញវត្ថុ ដែលបានបញ្ចប់ការសិក្សា និងបានការពារសារណាស្រាវជ្រាវជាប់ជាស្ថាពរក្នុងឆ្នាំសិក្សា ២០២៣-២០២៤ និងនិស្សិតឆ្នើមប្រចាំសិក្សា២០២៣-២០២៤ និងឆ្នាំសិក្សា២០២៤-២០៥ ។

ថ្លែងក្នុងពិធីនេះលោកសាស្រ្តាចារ្យបណ្ឌិត សួស សោភា សាកលវិទ្យាធិការរងទទួលបន្ទុកថ្នាក់បរិញ្ញាបត្ររង បានលើកឡើងថា រៀងរាល់ឆ្នាំនៃការបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររបស់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប គឺសាកលវិទ្យាល័យ តម្រូវឱ្យនិស្សិតចុះធ្វើកម្មសិក្សាតាមបណ្តាក្រុមហ៊ុន និងអង្គភាពនានាទាំងរដ្ឋ និងឯកជនដើម្បីផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត តាមរយៈការសិក្សាស្រាវជ្រាវលើដំណើរការប្រតិបត្តិរបស់ក្រុមហ៊ុន និងអង្គភាពដែលពាក់ព័ន្ធទៅនឹងជំនាញរបស់និស្សិត ក្នុងគោលបំណងប្រមូល និងចងក្រងឯកសារក៏ដូចជា ពិនិត្យមើលការងារជាក់ស្តែងរបស់ក្រុមហ៊ុន ឬអង្គភាពយកមកសរសេរ និងចងក្រងដាក់ឱ្យគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងតឹងរ៉ឹងបំផុត ជាមួយនឹងការផ្តល់អនុសាសន៍នានាលើសារណាពីសំណាក់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃសារណាឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

លោកសាស្រ្តាចារ្យសាកលវិទ្យាធិការរង ក៏បានសង្កត់ធ្ងន់ថាលទ្ធផលដ៏ត្រចះត្រចង់ទាំងនេះមិនអាចផ្តាច់ចេញពីការចូលរួមពីនិស្សិត និងភាគីពាក់ព័ន្ធបានឡើយ ដូចជា សាស្រ្តាចារ្យ សាកលវិទ្យាល័យ និងបណ្តាអង្គភាព និងក្រុមហ៊ុននានា ដែលបានផ្តល់កន្លែងសម្រាប់និស្សិតចុះធ្វើកម្មសិក្សា។

លោកសាស្រ្តាចារ្យបណ្ឌិត បានសម្តែងនូវការកោតសរសើរចំពោះលទ្ធផលដែលជោគជ័យកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់សមណនិស្សិត និស្សិតគ្រប់ជំនាញទាំងអស់។ ពីមួយជំនាន់ទៅមួយជំនាន់ និស្សិតកាន់តែមានការយល់ដឹងទូលំទូលាយទៅលើកិច្ចការស្រាវជ្រាវ ដែលធ្វើឱ្យនិស្សិតគ្រប់រូបទទួលបាននូវសមត្ថភាពចំណេះជំនាញ ឆ្លើយតបទៅនឹងទីផ្សារការងារ។

នាឱកាសនោះលោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ដល់សមណនិស្សិត និស្សិតជ័យលាភីសារណាទាំងអស់ដែលបានខិតខំសិក្សាស្រាវជ្រាវ និងចងក្រងសារណាយកមកការពាររហូតទទួលបានជោគជ័យជាស្ថាពរ។

លោកបានបន្តថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានកំណត់នូវចក្ខុវិស័យបេសកកម្ម និងគោលបំណងរបស់ខ្លួនច្បាស់លាស់ ជាពិសេសបានរៀបចំនូវយន្តការ ក៏ដូចជាគោលនយោបាយជំរុញដល់ការស្រាវជ្រាវដល់និស្សិតគ្រប់កម្រិត មិនតែប៉ុណ្ណោះសាកលវិទ្យាល័យក៏មានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីបង្កភាពងាយស្រួលដល់បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតក្នុងកិច្ចការស្រាវជ្រាវផងដែរ។

លោកសាកលវិទ្យាធិការ បានជំរុញលើកទឹកចិត្តឱ្យសមណនិស្សិត និងនិស្សិតជ័យលាភីសារណាជំនាន់ទី២៣-២៤ ទាំងអស់ ត្រូវបន្តចូលរួមក្នុងដំណើរការលើកិច្ចការស្រាវជ្រាវឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពដើម្បីជាប្រយោជន៍ក្នុងការពង្រឹងពុទ្ធិ ជំនាញកាន់តែប្រសើរក្នុងគោលបំណងអភិវឌ្ឍន៍ខ្លួនឯង និងសង្គមជាតិ។

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តែងតែយកចិត្តទុកដាក់ទៅលើគុណភាពនៃការបណ្តុះបណ្តាលជាពិសេសជំរុញ និងលើកស្ទួយកិច្ចការស្រាវជ្រាវតាមគ្រប់រូបភាពដោយមានសម្ភាររូបវន្តទំនើបៗ និងមានកម្មវិធីសិក្សាច្បាស់លាស់ស្របតាមស្តង់ដា ព្រមទាំងមានការគាំទ្រពីអ្នកសិក្សាគ្រប់មជ្ឈដ្ឋានកាន់តែច្រើនឡើងៗ ជាពិសេសមានការទទួលស្គាល់ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) និងដៃគូអភិវឌ្ឍន៍ទាំងក្នុងនិងក្រៅប្រទេសផងដែរ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប «AEU» បានបើកដំណើរការបណ្តុះបណ្តាលធនធានមនុស្សអស់រយៈពេល ២៣ឆ្នាំហើយ ចាប់ពីកម្រិតថ្នាក់បរិញ្ញាបត្ររង រហូតដល់ថ្នាក់បណ្ឌិត និងចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ថ្នាក់បរិញ្ញាបត្រ-បរិញ្ញាបត្ររងចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕