និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ធ្វើទស្សនកិច្ចសិក្សា នៅស្ថាប័នព្រឹទ្ធសភា

និស្សិតគ្រប់ឯកទេស ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រមាណ១៣០នាក់ ដឹកនាំដោយលោក សួស សោភា ប្រធានដេប៉ាត់តឺម៉ង់ថ្នាក់ ឆ្នាំសិក្សាមូលដ្ឋាន នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅថ្ងៃទី២៥ ខែមិថុនា បានធ្វើទស្សនកិច្ចសិក្សា រយៈពេលកន្លះថ្ងៃ នៅស្ថាប័នព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

គោលបំណងនៃទស្សនកិច្ចសិក្សានេះ ធ្វើឡើង ដើម្បីឱ្យនិស្សិតបាន ស្វែងយល់ពី ប្រវត្តិ បេសកកម្ម រចនាសម្ព័ន្ធ តួនាទីភារកិច្ច ដំណើរនីតិកម្ម ព្រមទាំង ចំណុចសំខាន់ៗ ជាច្រើន ទៀតដែលស្ថាប័ន១នេះ បានបំពេញក្នុងពេលកន្លង មករហូតដល់បច្ចុប្បន្ន ។

លោក សួស សោភា បានមានប្រសាសន៍ថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជារៀងរាល់ឆ្នាំតែងតែដឹកនាំ និស្សិតចុះទស្សនកិច្ចសិក្សា នៅតាម ក្រសួង ស្ថាប័ននានា ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ការសិក្សាទៅ នឹងការអនុវត្តជាក់ស្ដែង ដើម្បីជាប្រយោជន៍ ទទួល បាននូវ បទពិសោធន៍និងចំណេះដឹងថ្មីៗ បន្ថែមទៀតសម្រាប់និស្សិត។

លោក  ម៉ែន ស៊ីផាន់  អនុប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា បានថ្លែងថា សភានៅកម្ពុជាត្រូវបានបង្កើតឡើង តាំងពីឆ្នាំ១៩៤៧ មកម្លេះ ដោយយើងមានសភា ២ ថ្នាក់ គឺ រដ្ឋសភា និង ព្រឹទ្ធសភា ។ ប៉ុន្ដែនៅពេលបង្កើតឡើង ដំបូងនោះគេមិនហៅ ព្រឹទ្ធសភាទេ គឺគេហៅក្រុមប្រឹក្សា នៃព្រះរាជាណាចក្រកម្ពុជា ។ ចាប់ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៩៩ ពោលគឺ ក្នុងរបបខ្មែរក្រហម និងក្រោយ របបខ្មែក្រហម ក្នុងសម័យសាធា រណៈរដ្ឋប្រជាមានិតុកម្ពុជា និងរដ្ឋកម្ពុជា ក៏គ្មានព្រឹទ្ធសភាដែរ គឺមានតែរដ្ឋសភាប៉ុណ្ណោះ។ចាប់ពីឆ្នាំ១៩៩៩ ទើបកម្ពុជាបង្កើតស្ថាប័ន ព្រឹទ្ធសភាឡើងវិញដែលមកទល់ពេលនេះ បានប្រព្រឹត្តិទៅចំនួន៣ នីតិកាលហើយ។បច្ចុប្បន្ននេះ សមាជិកព្រឹទ្ធសភា សរុបមានចំនួន៦១រូប គឺស្មើនិងពាក់កណ្ដាលនា នៃចំនួនសមាជិករដ្ឋសភា។
 
លោក លើកឡើងថា ព្រឹទ្ធសភាគឺជាស្ថាប័ន មួយពិនិត្យ អោយយោបល់លើអត្ថបទច្បាប់ ដែលអនុម័ត ដោយរដ្ឋសភានិងផ្តួចផ្តើម ធ្វើសេចក្តីស្នើច្បាប់។ តួនាទីសំខាន់របស់ព្រឹទ្ធសភា គឺការពិនិត្យឡើងវិញរាល់អត្ថបទច្បាប់ ទាំងឡាយដែលរដ្ឋសភាបាន អនុម័តរួចហើយ។ រដ្ឋសភាមិនអាចបញ្ជូន ច្បាប់ដែលខ្លួនបាន អនុម័ត រួចហើយអោយ ព្រះមហាក្សត្រឡាយ ព្រះហស្តលេខា ប្រកាស  ដាក់អោយប្រើជាផ្លូវការ មុនពេលដាក់ ឆ្លងអោយ ព្រឹទ្ធសភាពិនិត្យបានឡើយ។

លោក សុខ សុជាតិ ប្រធាននាយកដ្ឋាន ស្រាវជ្រាវ ច្បាប់ នៃព្រឹទ្ធសភា ក៏បានផ្តល់បទបង្ហាញស្តីពីដំណើរការនីតិកម្មរបស់ព្រឹទ្ធសភា ដំណើរការកសាងច្បាប់ និងបានបកស្រាយនូវ សំណួរដែលនិស្សិត បានលើកឡើង ផងដែរ។ លោកបានបញ្ជាក់ថា ព្រឹទ្ធសភាបាន បំពេញមុខងារ ជាច្រើន ទៅតាមក្របខណ្ឌការងារ របស់ខ្លួន ប៉ុន្ដែមុខងារដែលចំបង ៣ គឺនីតិកម្ម ត្រួតពិនិត្យ និងតំណាង ប្រជាពលរដ្ឋ ។ បន្ទាប់មក ក្រុម និស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ទៅទស្សនាកន្លែង ធ្វើការសំខាន់ៗ របស់ព្រឹទ្ធសភា ដូចជាសាលប្រជុំពេញអង្គ សាលប្រជុំអចិន្រៃ្តយ៍ និងបណ្ណាល័យជាដើម។
 
គួរបញ្ជាក់ថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានការបណ្តុះបណ្តាលគ្រប់កំរិត ថ្នាក់បរិញ្ញាបត្ររង ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត លើគ្រប់ឯកទេសទាំងអស់ សម្រាប់ថ្នាក់បណ្ឌិត និងអនុបណ្ឌិត ចូលរៀននៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ទំនាក់ទំនងចុះឈ្មោះ ឬ សាកសួរព័ត៌មានលេខទូរស័ព្ទលេខ ០១៥ ៧២០ ០៧២៕

#826, kammpuch Krum Blvd Teuk Laak I, Khan Toul Kok, Phnom Penh-Kingdom of Cambodia, Postal Code: 12156
Phone:(855)23 998 124 / 15 72 00 72
Email:info@aeu.edu.kh / www.facebook.com/aeucamboadia

© 2014 Asia Euro University, All Rights Reserved

Desktop View